FIFA នឹងសាកល្បងច្បាប់ Offside ថ្មី “Daylight” របស់លោក Arsène Wenger នៅលីគកាណាដា បន្ទាប់ពីមិនទទួលបានការគាំទ្រពីអឺរ៉ុប
By Dany • 24 views
អង្គការ FIFA គ្រោងនឹងសាកល្បងច្បាប់ថ្មីមួយសម្រាប់ Offside ដែលមានឈ្មោះថា “Daylight Offside” នៅក្នុងលីគប្រទេស កាណាដា (Canada) នៅចុងសប្ដាហ៍នេះ បន្ទាប់ពីមិនទទួលបានការគាំទ្រពីមន្រ្តីបាល់ទាត់អឺរ៉ុប។
គំនិតនេះត្រូវបានជំរុញដោយអតីតគ្រូបង្វឹក Arsenal លោក Arsène Wenger ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់ពិភពលោករបស់ FIFA។ គោលបំណងសំខាន់គឺធ្វើឲ្យការវាយប្រហារមានអត្ថប្រយោជន៍កាន់តែច្រើន និងបង្កើនឱកាសរកគ្រាប់បាល់។
តាមច្បាប់ថ្មីនេះ៖
-
កីឡាករខ្សែប្រយុទ្ធនឹង មិនត្រូវបានគេចាត់ទុកថា Offside ប្រសិនបើមានផ្នែកណាមួយនៃរាងកាយដែលអាចរកគ្រាប់បាល់ បានស្ថិតនៅជាមួយខ្សែការពារចុងក្រោយ។
-
ការផ្តល់ពិន័យ Offside នឹងកើតឡើងតែពេលមានចន្លោះច្បាស់លាស់ (“Daylight”) រវាងខ្សែប្រយុទ្ធ និងអ្នកការពារ។
នេះជាការផ្លាស់ប្ដូរដ៏ធំពីច្បាប់បច្ចុប្បន្ន ដែលជាញឹកញាប់មានការបដិសេធគ្រាប់បាល់ដោយសារកំហុសតូចៗបំផុត ដូចជា “កៀកដៃ” ឬ “កៀកម្រាមជើង” ដែលធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្ត។
ការសាកល្បងនៅលីគ កាណាដា (Canada) ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ត្រូវបានមើលឃើញថាជាជំហានសំខាន់ក្នុងការវាយតម្លៃថា ច្បាប់នេះអាចអនុវត្តបានពិតប្រាកដឬអត់។
លោក James Johnson អ្នកដឹកនាំលីគបាននិយាយថា៖
“គោលបំណងគឺធ្វើឲ្យលីគកាណាដា ក្លាយជាអ្នកដឹកនាំផ្នែកនវានុវត្តន៍ និងរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់ពិភពលោក”
ប៉ុន្តែច្បាប់នេះក៏ទទួលការរិះគន់ខ្លាំងផងដែរ។ អ្នកវិភាគមួយចំនួនយល់ថា វាអាចផ្តល់អត្ថប្រយោជន៍លើសលប់ដល់ខ្សែប្រយុទ្ធ និងធ្វើឲ្យក្រុមការពារត្រូវលេងថយក្រោយកាន់តែច្រើន។
អតីតកីឡាករ អង់គ្លេស និង Liverpool លោក Jamie Carragher បានព្រមានថា ច្បាប់នេះ “អាចធ្វើឲ្យការប្រកួតកាន់តែអាក្រក់” ហើយអាចនាំឲ្យមានយុទ្ធសាស្ត្រការពារដែលអវិជ្ជមានជាងមុន ជំនួសឲ្យការកើនឡើងនៃគ្រាប់បាល់។
ដើម្បីឲ្យគំនិតនេះក្លាយជាច្បាប់ផ្លូវការ វាត្រូវការ ការអនុម័តយ៉ាងហោចណាស់ ២ សហព័ន្ធបាល់ទាត់ក្នុងចំណោម ៤ សហព័ន្ធអង់គ្លេស ដែលជាសមាជិកក្នុងក្រុមប្រឹក្សា IFAB ជាមួយ FIFA។