Meta គ្រោងកាត់បន្ថយបុគ្គលិកអាចដល់ ២០% ខណៈកំពុងវិនិយោគធំលើបច្ចេកវិទ្យា AI
By Sok Tak • 30 views
ទីក្រុងញូវយ៉ក/សាន់ហ្វ្រាន់ស៊ីស្កូ ថ្ងៃទី១៣ ខែមីនា (Reuters) — ក្រុមហ៊ុន Meta កំពុងពិចារណាកាត់បន្ថយបុគ្គលិកក្នុងទ្រង់ទ្រាយធំ ដែលអាចប៉ះពាល់ដល់ប្រហែល ២០% ឬច្រើនជាងនេះនៃបុគ្គលិកទាំងមូល។ ការផ្លាស់ប្តូរនេះមានគោលបំណងកាត់បន្ថយចំណាយ និងសម្របខ្លួនទៅនឹងការវិនិយោគធំៗលើបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុនកំពុងរំពឹងថា ការប្រើ AI នឹងធ្វើឲ្យការងារច្រើនអាចធ្វើបានដោយក្រុមតូចជាងមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃច្បាស់លាស់សម្រាប់ការកាត់បន្ថយបុគ្គលិកនេះនៅឡើយទេ។
នាយកប្រតិបត្តិ Mark Zuckerberg កំពុងជំរុញឲ្យ Meta ប្រកួតប្រជែងខ្លាំងក្នុងវិស័យ Generative AI ដោយផ្តល់ប្រាក់ឈ្នួលខ្ពស់ដើម្បីទាក់ទាញអ្នកស្រាវជ្រាវ AI កំពូលៗ និងវិនិយោគយ៉ាងច្រើនក្នុងមជ្ឈមណ្ឌលទិន្នន័យ។ ក្រុមហ៊ុនបានប្រកាសថា គ្រោងវិនិយោគរហូតដល់ ៦០០ ពាន់លានដុល្លារ ដើម្បីសាងសង់ Data Center ដល់ឆ្នាំ២០២៨។ ការកាត់បន្ថយបុគ្គលិកនេះក៏ស្របទៅនឹងនិន្នាការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដែលកំពុងប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
